នៅក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំទូទាំងស្រុកគិរីវង់ចំនួន ២២៥រូប នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ នៅការិយាល័យគណបក្សប្រជាជនកម្ពុជា ស្រុកគិរីវង់ ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម ឆឺយ រឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់ ឯកឧត្តម លី ប្រុស សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់ ឯកឧត្តម ឡាយ វណ្ណៈ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បេក្ខជនបេក្ខជនក្រុមប្រឹក្សាឃុំទាំងអស់ក្នុងស្រុកគិរីវង់ប្តេជ្ញាបម្រើប្រជាពលរដ្ឋយ៉ាងស្មោះសរបំផុត ហើយនឹងខិតខំទ្វេរដងដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋឱ្យជឿជាក់កាន់តែខ្លាំងលើការដឹកនាំរបស់គណបក្សប្រជាជន ជាពិសេសគឺសកម្មភាពបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់មេឃុំក៏ដូចជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់របស់គណបក្សប្រជាជន ហើយបោះឆ្នោតគាំទ្រគណបក្សប្រជាជន និងបេក្ខជនក្រុមប្រឹក្សាឃុំមកពីគណបក្សប្រជាជនកាន់តែច្រើនថែមទៀត។
ក្នុងឱកាសនោះឯកឧត្តមគណៈអធិបតីក៏បានបង្ហាញនូវការជឿជាក់លើបេក្ខជនទាំងអស់របស់គណបក្សទាំងបទពិសោធន៍ សមត្ថភាព លទ្ធភាព ជាពិសេសគឺសកម្មភាពបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានពិតៗដែលជាចំនុចទាក់ទាញការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។ ឯកឧត្តមក៏បានជម្រុញដល់បេក្ខជនទាំងអស់ត្រូវខិតខំបន្ថែមទៀតក្នុងការបម្រើប្រជាពលរដ្ឋ ជាពិសេសត្រូវចុះតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋដើម្បីក្តាប់បាននូវកង្វល់ និងបញ្ហាប្រឈមរបស់គាត់ងាយស្រួលចាត់វិធានការអន្តរាគមន៍ទាន់ពេលវេលា។