អាជ្ញាធរខេត្តតាកែវ និងខេត្តអានយ៉ាង បើកកិច្ចប្រជុំវាយតម្លៃលទ្ធផលសហប្រតិបត្តិការឆមាសទី២ ឆ្នាំ២០១៦ និងលើកទិសដៅឆមាសទី១ ឆ្នាំ២០១៧


កិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំឆមាសទី ២ ឆ្នាំ២០១៦ និងលើកទិសដៅប្រចាំឆមាសទី ១ ឆ្នាំ ២០១៧ រវាងគណៈប្រតិភូខេត្តតាកែវ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងគណៈប្រតិភូខេត្ត អានយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តម វៀង ប៊ិញថាញ់ ប្រធានគណៈកម្មាធិកាប្រជាជនខេត្ត អានយ៉ាង បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០១៧ នៅសណ្ឋាគារអេលីសវីឡា ក្នុងក្រុងដូនកែវ ដោយមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរ អង្គភាព និងអភិបាល អភិបាលស្រុកចំណុះខេត្តទាំងពីរ។
 
ក្នុងកិច្ចប្រជុំនោះភាគីទាំងពីរបានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែនទាំងពីរ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាមព្រំដែន កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ អប់រំ សុខាភិបាល…។ល។ ហើយភាគីទាំងពីរប្តេជ្ញានឹងពង្រឹងកិច្ចសហប្រតិបត្តិឱ្យកាន់តែជិតស្និតបន្ថែមទៀតសំដៅឱ្យព្រំដែននៃខេត្តទាំងពីរជាព្រំដែនប្រកបដោយសុខសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍន៍ជាពិសេសគឺជម្រុញនូវកំណើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ។
 
ក្នុងឱកាសនៃកិច្ចប្រជុំនោះដែរឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ក៏បានសំណូមពរដល់ភាគីចូលរួមណែនាំ អប់រំដល់ប្រជាពលរដ្ឋវៀតណាមនៅតាមព្រំដែនឱ្យបញ្ឈប់ការជួលដីស្រែរបស់ពលរដ្ឋខ្មែរ និងរួមសហការក្នុងការបង្ក្រាបគ្រឿងញៀនដែរចរាចរកាត់តាមព្រំដែននៃខេត្តទាំងពីរ។
ជាកិច្ចឆ្លើយតបភាគីវៀតណាមបានឯកភាពយ៉ាងពេញទំហឹងចំពោះសំណូមពររបស់ឯកឧត្តមអភិបាលខេត្ត ហើយនឹងជម្រុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់សហការអនុវត្តឱ្យបានល្អ។
 
ជាចុងក្រោយនៃកិច្ចប្រជុំភាគីទាំងពីរក៏បានឯកភាពស្នើសុំអនុញ្ញាតបើកច្រកទ្វារតំបន់ព្រំដែន តាអូន-វិញយ៉ា ទៅរាជរដ្ឋាភិបាល និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីសម្រួលដល់ការធ្វើចរាចរ ក៏ដូចជាដឹកទំនិញឆ្្លងកាត់ព្រំដែន។១ ២ ៣ IMG_7477 IMG_7523