ឯកឧត្តម ឡាយ វណ្ណៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអង្គរបុរី នាំយកអំណោយកាកបាទក្រហមសម្រាប់ទារក(បេប៊ីឃីត) ដែលទើបនឹងកើតចំនួន ១៣នាក់ នៅក្នុងឃុំអង្គរបុរី ស្រុកអង្គរបុរី


ទារកដែលទើបនឹងកើតចំនួន ១៣នាក់ នៅក្នុងឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ បានទទួលអំណោយកាកបាទក្រហមសម្រាប់ទារក(បេប៊ីឃីត) ពីឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអង្គរបុរី នាថ្ងៃទីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥ ដោយឯកឧត្តមបានចុះផ្ទាល់ទៅដល់ផ្ទះទារកទាំង ១៣ដែលស្ថិតនៅភូមិ ស្ទឹងកំបុត ០១នាក់ ភូមិសាមគ្គី ០៣នាក់ ភូមិទួលសាំងក ០៧នាក់ និងភូមិព្រៃសំបួរ ០២នាក់។
នាឱកាសនោះឯកឧត្តមបានផ្តាំផ្ញើដល់មាតាបិតាទារកទាំងអស់ត្រូវចេះយោគយល់អត់អោនឱ្យគ្នាទៅវិញទៅមក មិនត្រូវឈ្លោះប្រកែកគ្នា ចេះស្រលាញ់គ្នាដើម្បីធ្វើជាម្លប់ទាំងផ្លូវកាយ និងផ្លូវចិត្តដល់បុត្ររបស់យើងក៏ដូចជាខិតខំផ្តល់សុភមង្គល និងកសាងអនាគតដ៏ល្អមួយដល់គេ។ បន្ថែមពីនោះឯកឧត្តមក៏បានជូនពរដល់ទារកទាំងអស់សូមមានសុខភាពល្អ កំលាំងក្លាំងខ្លា ប្រាជ្ញាឈ្លាសវៃដើម្បីក្លាយទៅជាទំពាំងស្នងឫស្សីដ៏ល្អមួយសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ។
សូមបញ្ជាក់ថាអំណោយសម្រាប់ទារកមានសម្ភារ ២៣ប្រភេទដូចជា ពូកទារក ម្សៅទឹកដោះគោ សំលៀកបំពាក់ ថ្នាំ…។ល។ ក្រៅពីនោះឯកឧត្តមអភិបាលខេត្តក៏បានចំណាយថវិកាកួចព្រលឹងដល់ទារកទាំង ១៣ ដោយម្នាក់ៗចំនួន ៥០,០០០រៀល។
10983202_454569281381230_4161318277205783077_o 11058570_454569108047914_3601295221563887348_o 11537794_454569731381185_3782972589820892127_o 11699077_454570324714459_5156603516209164520_o 11705391_454569394714552_7912808882064083633_o