ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយស គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានថ្លែង ក្នុងពិធីចែកអំណោយជូនអតីតយុទ្ធជន យុទ្ធជនពិការ និងគ្រួសារ យុទ្ធជនពលី ចំនួន ៣៤៤គ្រួសារ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ថា សង្គ្រាមបានធ្វើឱ្យព្រាត់ប្រាស់ក្រុមគ្រួសារ ប្រជាពលរដ្ឋរស់នៅក្នុង ភាពភ័យខ្លាច ជាពិសេសវាបានបន្សល់ទុកនូវជនពិការ ស្ត្រីមេម៉ាយ និងក្មេងកំព្រាជាច្រើន។ កម្ពុជាយើងបានឆ្លងកាត់នូវបទពិសោធន៍យ៉ាងជូរចត់នេះជាច្រើនឆ្នាំរួចមកហើយ ទម្រាំបញ្ចប់បាន ហើយទទួលនូវសន្តិភាពពេញលេញ ដូច្នេះប្រជាពលរដ្ឋទាំងអស់គ្នាពិតជាមិនចង់ឱ្យវាត្រឡប់មកកាន់ទឹកដីដ៏បវររបស់យើងឡើយ។
ឯកឧត្តមអភិបាលខេត្តបន្តថា សន្តិភាព ស្ថេរភាពសង្គមដែលទទួល បានសព្វថ្ងៃនេះពុំមែនជាការចៃដន្យទេ គឺត្រូវលះបង់សាច់ស្រស់ ឈាមស្រស់របស់បងប្អូនយុទ្ធជនយើង ជាពិសេសគឺនយោបាយឈ្នះៗ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់សង្គ្រាមទាំងស្រុងនៅ ក្នុងប្រទេស ដូច្នេះសម្រាប់ឯកឧត្តម វីរៈជនពិតប្រាកដ គឺបងប្អូន យុទ្ធជនយើងនេះហើយ មិនមែនជាជនមួយ ចំនួនដែលពុំបាន ធ្វើអ្វីសោះ ដើរតែជេរគេ និងលាបព័ណ៌ ហើយត្រូវបានបក្សពួក របស់ខ្លួនចាត់ទុកជាវីរៈជននោះទេ។
ជាចុងក្រោយឯកឧត្តមក៏បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋត្រូវចេះ រួបរួមសាមគ្គីគ្នា ជៀសវាងជឿលើការញុះញង់ បំបែកបំបាក់ លាបព័ណ៌គ្នាពីសំណាក់ជនអគតិមួយចំនួនតូចដែលនាំឱ្យកើតមាន ជម្លោះផ្ទៃក្នុង ហើយអាចនាំឱ្យមានអស្ថេរភាពក្នុងសង្គមជាតិ។