ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៤ ត្រូវនឹងថ្ងៃ១៥កើត ខែមិគសិរ ដែលជាថ្ងៃសីល ថ្ងៃពេញបូណ៌មី ឯកឧត្តម ឡាយ វណ្ណៈអភិបាលខេត្តតាកែវ បានអញ្ជើញទៅប្រគេនចង្ហាន់ព្រះសង្ឃ និងសំណេះសំណាលជាមួយលោកតា លោកយាយ នៅវត្តកំពង់ហ្លួង ស្ថិតក្នុងឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ក្នុងឱកាសនោះឯកឧត្តមបានបញ្ជាក់ឡើងវិញពីការបេ្តជ្ញារចិត្តរបស់ឯកឧត្តមផ្ទាល់ក៏ដូចជាអជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវក្នុងការបំរើ និងខិតខំអភិវឌ្ឍដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋ ក៏ដូចជាផ្តល់នូវសេវាសាធារណៈយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ ព្រមទាំងបានជូនថវិកាដល់លោកតា លោកយាយប្រមាណ២០០នាក់ ម្នាក់ៗទទួលបាន ១០,០០០រៀល។ បន្ទាប់ពីសំណេះសំណាលរួចឯកឧត្តមក៏បានទទួលទានអាហារថ្ងៃត្រង់ជាមួយលោកតា លោកយាយ ប្រជាពលរដ្ឋ និងប្អូនៗយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវស្រុកអង្គរបូរី នៅលើសាលាធម្មសភានៃវត្តកំពង់ហ្លួងនោះផងដែរ។
ក្រោយពីទទួលទានអាហារថ្ងៃត្រង់រួចឯកឧត្តមអភិបាលខេត្តតាកែវបានអញ្ជើញចុះសួរសុខទុក្ខអាជីវករដែលលក់នៅក្នុងផ្សារ ព្រមទាំងពិនិត្យមើលស្ថានភាពផ្សារអង្គរបូរី ហើយបានសន្យាថានឹងរៀបចំដាក់លូក្នុងផ្សារអង្គរបូរីឱ្យបានរួចរាល់ជូនអាជីវករ នៅក្នុងឆ្នាំ២០១៥នេះ។
រហូតមកដល់ម៉ោង ៤:០០ ឯកឧត្តម ឡាយ វណ្ណៈ ក៏បានអញ្ជើញចូលរួមពិធីបុណ្យផ្កាសាមគ្គីនៅវត្តពោធិ៍សួស្តី ហៅវត្តថ្មី ស្ថិតនៅសង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ដោយនាំយកនូវបច្ចេយចំនួន ១លានរៀលផងដែរ។