ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានអញ្ជើញជាអធបិតីភាពក្នុងពិធីសម្ភោធវិហារឥស្លាមថ្មីមួយដែលចំណាយថវិការសាងសង់អស់ប្រមាណជាង ៥ម៉ឺនដុល្លារ ជាអំណោយរបស់សប្បុរជននៅប្រទេសម៉ាឡេស៊ី ស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥ ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានពាំនាំនូវពាក្យសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលចំពោះបងប្អូនខ្មែរឥស្លាមនៅក្នុងស្រុកអង្គរបុរី និងបានជម្រាបជូនបងប្អូនថារាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបើកទូលាយដល់បងប្អូនទាំងអស់ក្នុងការគោរពប្រតិបត្តិទៅតាមជំនឿសាសនារៀងៗខ្លួន ប៉ុន្តែសូមបងប្អូនទាំងអស់ត្រូវចេះស្រលាញ់គ្នា យោគយល់គ្នា សាមគ្គីគ្នា ទោះបីជាមានជំនឿសាសនាផ្សេងគ្នា មាននិន្នាការនយោបាយផ្សេងគ្នា តែយើងគឺជាខ្មែរដូចគ្នា។
បន្ទាប់ពីសម្ភោធវិហាររួចឯកឧត្តមក៏បានអញ្ជើញចែកអំណោយសម្រាប់ទារកដែលទើបនឹងកើតចំនួន ០៥នាក់ ព្រមទាំងបានផ្តាំផ្ញើរមាតាបិតារបស់ទារកទាំងនោះត្រូវមើលថែកូនឱ្យបានល្អព្រោះពួកគេគឺជាទំពាំងស្នងឫស្សីនាពេលអនាគត។