ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងហូបអាហារសាមគ្គីជាមួយបងប្អូនអតីតយុទ្ធជន នៅក្នុងស្រុកអង្គរបូរី នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា វីរបុរសរបស់ប្រទេសជាតិ ពិតប្រាកដគឺបងប្អូនអតីតយុទ្ធជន មិនមែនជាជនមួយចំនួនដែលពូកែតែជេរ ពូកែលាបពណ៌នោះទេ។ បងប្អូនបានយកទ្រូងទៅពាំងគ្រាប់ដើម្បីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ និងបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ការវិលត្រលប់នៃរបបដ៏ឃោឃៅនេះ និងនាំមកនូវសុខសន្តិភាពពេញលេញជូនជាតិមាតុភូមិ ដែលផ្តល់ឱកាសឱ្យប្រទេសកម្ពុជាអាចធ្វើការអភិវឌ្ឍរីកចំរើនរហូតដល់សព្វថ្ងៃនេះ នេះគឺជាគុណសម្បត្តិដ៏ធំធេងមិនអាចកាត់ថ្លៃបាន។
ឯកឧត្តម បន្តថា សន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា មិនមែនកើតឡើងដោយឯកឯងនោះទេ គឺបានមកពីការលះបង់សាច់ស្រស់ ឈាមស្រស់ ទៅប្តូរ ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាការពារ និងថែរក្សាឱ្យបានជាដាច់ខាត។ ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើដល់បងប្អូនមិនត្រូវជឿលើការញុះញង់ ការលាបពណ៌របស់ជនអគតិមួយចំនួនដែលតែងតែរិះរកគ្រប់ឧបាយកលដើម្បីលាបពណ៌មកលើរាជរដ្ឋាភិបាល ក្នុងគោលបំណងធ្វើឱ្យមានចលាចលក្នុងសង្គមដើម្បីសម្រេចនូវគោលនយោបាយដ៏ខ្មៅកខ្វក់របស់ខ្លួន។ កម្មវិធីនេះមានការចូលរួមពីមន្ត្រីរាជការ ក្រុមយុវជនស្រលាញ់សន្តិភាព អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន សរុបជិត ២០០នាក់។ ក្នុងនោះបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនចំនួន ១២២នាក់ ត្រូវបានឯកឧត្តមអភិបាល ខេត្តផ្តល់ជូនអំណោយម្នាក់ៗអង្ករ ៥០គ.ក្រ ទឹកត្រី ១យួរ និងថវិការ ៣០,០០០រៀល ដែលអំណោយទាំងនេះបានមកពីការគៀងគរពីសប្បុរសជននានា។