ដោយទឹកចិត្តអាណិតស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះ បងប្អូនប្រជាពលរដ្ឋ នៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមាន ជំងឺសរុបចំនួន ១៦៣នាក់ ដែលត្រូវសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ស្ថិតក្នុងក្រុងដូនកែវ អមដំណើរ ដោយលោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រី នាយករងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការចំណុះសាលាខេត្ត លោកប្រធានមន្ទីរសុខាភិបាល លោក លោកស្រីប្រធានអនុប្រធាន មន្ទីរជុំវិញខេត្ត និងកងកម្លាំងទាំងបីប្រភេទ។
នាឱកាសនោះឯកឧត្តមបាននាំយកអំណោយមួយចំនួនដើម្បីចែកជូនអ្នកជំងឺទាំង ១៦៣នាក់ដែលម្នាក់ៗទទួលបាន៖ មី ៥កញ្ចប់ ត្រីខកំប៉ុង ៥កំប៉ុង ទឹកដោះគោខាប់ ១កំប៉ុង ប៊ីចេង ១កញ្ចប់ កន្ទេល ១ មុង ១ និងថវិកា ១០,០០០រៀល។ ឯកឧត្តមអភិបាលខេត្តក៏បានជូនពរបងប្អូនឲ្យឆាប់ជា បានត្រលប់ទៅលំនៅដ្ឋានដើម្បីប្រកបរបរចិញ្វឹមជីវិត ជាពិសេសបាន ចូលរួមក្នុងពិធីបុណ្យ ភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីរបស់ជាតិយើង។ បន្ថែមពីនេះឯកឧត្តមបានផ្តាំផ្ញើរបងប្អូនត្រូវយកចិត្តទុកដាក់ថែរក្សា អនាម័យក៏ដូចជាសុខភាពរបស់ខ្លូន និងក្រុមគ្រួសារ ឲ្យបានល្អពីព្រោះថា សុខភាពគឺសំខាន់បំផុតសម្រាប់យើងគ្រប់គ្នា។