ឯកឧត្តមឡាយវណ្ណៈអភិបាលខេត្តតាកែវនាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះចំនួន ៥៨ខ្នងជូនគ្រួសារក្រីក្រខ្វះផ្ទះសំបែង និងចែកអំណោយដល់បងប្អូនខ្មែរឥស្លាមចំនួន ២៥០គ្រួសារ នៅឃុំបូរីជលសារ ស្រុកបូរីជលសារខេត្តតាកែវ ដែលជាអំណោយរបស់សមាគមពិភពលោកនៃក្តីមេត្តា និងសម្របសម្រួលសង្គមនៃរដ្ឋគុយវ៉ែត សហការជាមួយសមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម តាមរយៈឯកឧត្តម ALI ABDULLA Z. AL MAHMOUD អតីតឯកអគ្គរដ្ឋទូតគុយវ៉ែតប្រចាំចក្រភពអង់គ្លេស។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណដល់ឯកឧត្តមអតីតឯកអគ្គរដ្ឋទូត ព្រមទាំងសមាគម ទាំង២ ដែលបានរួមចំណែកជួយដល់ប្រជាពលរដ្ឋកម្ពុជា និងបានអបអរសាទដល់គ្រួសារដែលបានទទួលផ្ទះថ្មីនាពេលនេះ។
ឯកឧត្តមបន្តថារាជរដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំងក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ហើយក្នុងនាមអភិបាល ខេត្តតាកែវឯកឧត្តមនឹងខិតខំឱ្យអស់ពីលទ្ធភាពក្នុងការជួយដោះស្រាយដល់បញ្ហានានារបស់ប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់និន្នាការអ្វីឡើយ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់ឯកឧត្តម ALI ABDULLA Z. AL MAHMOUD ជួយសាងសង់ ផ្ទះបន្ថែមទៀតជូនប្រជាពលរដ្ឋកក្រីក្រក្នុងស្រុកបូរីជលសារនេះដើម្បីជួយសម្រួលដល់ការរស់នៅរបស់ពួួកគាត់។
ជាការឆ្លើយតបឯកឧត្តម ALI ABDULLA Z. AL MAHMOUD បានឯកភាពទៅនឹងសំណើររបស់ឯកឧត្តមអភិបាលខេត្ត ព្រមទាំងសន្យាថានឹងខិតខំគៀងគរជំនួយបន្ថែមទៀតជួយដល់ប្រជាពលរដ្ឋក្រីក្រ។