ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមមហាសន្និបាតលើកដំបូងដើម្បីផ្សព្វផ្សាយដាក់ឲ្យអនុត្តនូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ “សមាគមមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន គិរីវង់” ដែលស្ថិតក្រោមអធបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ។ “សមាគមមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន គិរីវង់” ស្ថិតក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក្នុងគោលបំណងដើម្បីជួយលោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សាទូទាំងស្រុកគិរីវង់ ខេត្តតាកែវ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងការជួយជំរុញប្រសិទ្ធភាពខ្ពស់នៃការបំពេញវិជ្ជាជីវៈ។
“សមាគមមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន គិរីវង់”ក៏មានគោលដៅ និងសកម្មភាពដូចខាងក្រោមៈ
១. កសាងសាមគ្គីភាព ភាតរភាព និងមិត្តភាពរវាងលោកគ្រូ អ្នកគ្រូ ព្រមទាំងបុគ្គលិកសិក្សា
២. បង្កើតគម្រោងនានា សំដៅលើកកម្ពស់ និងជំរុញជីវភាពរស់នៅរបស់លោកគ្រូ អ្នកគ្រូព្រមទាំងបុគ្គលិកសិក្សាក្នុងស្រុកគិរីវង់ឲ្យកាន់តែប្រសើរឡើង។
៣. ស្វែងរកមធ្យោបាយ និងធនធានដើម្បីបង្កើនសមត្ថភាព ជំនាញចំណេះដឹង ចំណេះធ្វើ និងបំណិនជីវិត លោកគ្រូ អ្នកគ្រូ ព្រមទាំងបុគ្គលិកសិក្សាក្នុងស្រុកគិរីវង់។
៤. ជំរុញការផ្លាស់ប្តូរបទពិសោធទាំងក្នុងការបង្រៀន និងក្នុងជីវភាពរស់នៅ។
៥. ជំរុញការផ្ទេរចំណេះដឹងរវាងលោកគ្រូ អ្នកគ្រូ និងការផ្ទេរចំណេះដឹងពីលោកគ្រូ អ្នកគ្រូទៅសិស្សានុសិស្សប្រកបដោយគុណវឌ្ឍិ និងគុណតម្លៃ។
៦. លោកកម្ពស់តម្លៃ សេចក្តីថ្លៃថ្នូរ និងកិត្យាភាពរបស់លោកគ្រូ អ្នកគ្រូ។
៧. បង្កើតវប្បធម៌រាប់អានគ្នាជិតស្និទ្ធរវាងគ្រូនិងគ្រូ រវាងគ្រូនិងសិស្ស រវាងគ្រូនិងឪពុកម្តាយអាណាព្យាបាលសិស្ស។