ក្នុងឱកាសដែលដឹកនាំអាជ្ញាធរក្រុង និងមន្ទីរជំនាញពាក់ព័ន្ធចុះត្រួត ពិនិត្យភូមិសាស្ត្រសម្រាប់ស្ថាបនាផ្លូវព័ទ្ធជុំវិញបឹងតាកែវ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅសង្កាត់បារាយណ៌ ក្រុងដូនកែវ ខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានដាក់ផែនការអោយ អភិបាលក្រុងនិង មន្ត្រីជំនាញចុះសិក្សាឱ្យបានលម្អិតដើម្បីធ្វើការស្ថាបនា ផ្លូវជុំវិញបឹងតាកែវ ធ្វើយ៉ាងណាកែប្រែបឹងតាកែវឱ្យក្លាយជាប្រភពផ្គត់ផ្គង់ ទឹកសម្រាប់ប្រជាពលរដ្ឋនៅក្នុងក្រុងផង និងជាតំបន់ទេសចរណ៍ផង។
ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៌ថា គម្រោងនេះធ្វើឡើង ក្រោយពីទទួលបានអំណោយដ៏ថ្លៃថ្លាពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការស្តាបឹង អោយបានស្អាត ហើយយើងនឹងធ្វើជាជំហានៗ ដោយជំហានទី១ ត្រូវ ធ្វើផ្លូវចាក់កៅស៊ូព័ទ្ធជុំវិញបឹងតាកែវចំនួនដែលមានប្រវែង ១៧គីឡូម៉ែត្រ និងជំហ៊ានទី២ យើងនឹងធ្វើការស្តាបឹងតាកែវ ដើម្បីយកភួកជ្រាំ និងកាក សំណល់ផ្សេងៗចេញពីបឹង ព្រោះថាទឹកនេះចាំបាច់ខ្លាំងណាស់ សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋជិត ០៧ម៉ឺននាក់ក្នុងក្រុងដូនកែវ ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ប្រសិនបើគម្រោងក្នុងការស្តា បឹងតាកែវនេះបញ្ចប់ដោយជោគជ័យនោះ ទឹកបឹងនេះមិនត្រឹមតែអាច ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋក្នុងក្រុងដូនកែវប៉ុណ្ណោះទេ ប៉ុន្តែប្រជាពលរដ្ឋ ០២ស្រុក ដែលស្ថិតនៅជាប់នឹងព្រំប្រទល់ក្រុងដូនកែវ ក៏ទទួលបាននូវ ការផ្គត់ផ្គង់ទឹកស្អាតនេះដែរ ។
សូមបញ្ជាក់ថាជាច្រើនទសវត្សមកហើយបឹងតាកែវពុំធ្លាប់បានធ្វើការស្តានោះទេ ដែលធ្វើឱ្យផ្ទៃបឹងនេះចាប់ផ្តើមរាក់ដោយសារតែមានភួក និងកាកសំណល់ហូរចូលច្រើន ។