ល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានអញ្ជើញចូលរួមបុណ្យផ្ការស្មីសាមគ្គីដើម្បីប្រមូលបច្ច័យយកទៅជួសជុលអគារសិក្សា៦ខ្នង និងសាងសង់របងសាលារៀនប្រវែងសរុប ៩៦៨ម៉ែត្រ នៃសាលាបឋមសិក្សា ហ៊ុន សែន ព្រែជា និងសាលាបឋមសិក្សា ហ៊ុន សែន ចំបក់បិទមាស ស្ថិតក្នុងឃុំពត់ស ស្រុកបាទី។ ពិធីបុណ្យនេះត្រូវបានសហការផ្តួចផ្តើមដោយឯកឧត្តម នួន បូផល អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីមន្ត្រីរាជការក្នុងខេត្តតាកែវ ព្រះតេជគុណ វណ្ណ សុធីរៈ ព្រះតេជគុណ គង់ ចាន់ធឿន ព្រះតេជគុណ អ៊ុំ បូ គណៈកម្មារទ្រទ្រង់សាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់។ នាឱកាសនេះឯកឧត្តមអភិបាលខេត្តក៏នាំយកបច្ច័យផ្ទាល់ខ្លួនចូលរួមចំនួន ៥០០ដុល្លារ និងបច្ច័យពីមន្ទីរអង្គភាពក្នុងខេត្តតាកែវចំនួន១៧,៧០០,០០០រៀលផងដែរ។