បន្ទាប់ពីស្តាប់សំណូមពរ និងពិនិត្យស្ថានភាពផ្សារអង្គរបូរីរួចមក ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពីធីចែកអំណោយ ដែលបានមកពីសប្បុរសជននៅសហរដ្ឋអាមេរិក ដែលមាន ព្រះតេជគុណ ឥទ្ធិមុនី ម៉ឹងសាង ព្រះចៅអធិការវត្តមុនីសុតារាម រដ្ឋមិនីសូតា សហរដ្ឋអាមេរិក ព្រះតេជគុណ ធម្មិស្សរៈ មកពីប្រទេសស្រីលង្កា ព្រះតេជគុណ ឡុង បូរ៉េត វត្តសន្សំកុសល ក្រុងភ្នំពេញ និងលោក វីល្លី អ៊ុយ សមាជិកអង្គរកាសម្ព័ន្ធអប់រំខ្មែរ បាននាំយកអំណោយមកចែកជូនប្រជាពលរដ្ឋក្រីក្រប្រភេទក្រ១ ចំនួន ២០០គ្រួសារមកពីឃុំទាំង ៦ ក្នុងស្រុកអង្គរបូរី ដោយមួយគ្រួសារទទួលបានអង្ករ ២៥គ.ក្រ និងថវិការ ២០,០០០រៀល រីឯជនពិការទទួលបានថវិការ ១០០,០០០រៀល និងស្រ្តីមានផ្ទៃពោះទទួលបានថវិការ ២០០,០០០រៀល។ ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអំណោយនេះ ព្រមទាំងមានប្រសាសន៍ថាបើទោះបីជាអំណោយទាំងនេះមិនច្រើនក្តីក៏វាអាចជួយដោះស្រាយភាពខ្វះខាតរបស់ប្រជាពលរដ្ឋយើងបានមួយគ្រាដែរ។ បន្ថែមពីនោះឯកឧត្តមក៏បានស្នើរសុំអង្គការមេត្តាជួយសាងសង់សាលាមួយខ្នងជូនសាលាបឋមសិក្សាព្រែកតាផរ ស្ថិតក្នុងភូមិព្រែកតាផរ ឃុំគោកធ្លក ស្រុកអង្គរបូរី។
រហូតដល់ម៉ោង ១២:៤៥ ឯកឧត្តមអភិបាលខេត្ត ព្រមទាំងតំណាងអង្គការបានចុះទៅពិនិត្យស្ថាន ភាពជាក់ស្តែងដល់សាលាបឋមសិក្សាព្រែកតាផរ។ ក្នុងពេលនោះឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថានឹងខិតខំគៀងគរថវិការដើម្បីជួយកសាងផ្លូវចូលក្នុងភូមិតាផរដែលតែងតែលិចទឹកនៅរដូវវស្សាកុំឱ្យលិចតទៅទៀត។ ក្រោយមកទៀតឯកឧត្តមក៏បានបន្តរដំណើរទៅ ជួបសំណេះសំណាលជាមួយស្ថិតក្នុងភូមិបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី និងសម្ពោធផ្លូវមួយខ្សែព័ទ្ធជុំវិញភ្នំបូរី និងតភ្ជាប់ដល់ភ្នំដារ។នាពេលនោះឯកឧត្តមបានប្តេជ្ញាបម្រើសេវាសាធារណៈឱ្យបាន ល្អបំផុតដល់ប្រជាពលរដ្ឋ និងខិតខំកសាងហេដ្ឋរចនាសម្ព័ន្ធឱ្យបានច្រើនដើម្បីរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋ ហើយផ្លូវមួយខ្សែនេះក៏នឹងមានគម្រោងចាក់កៅស៊ូនៅពេលខាងមុខផងដែរ។