ដោយមានការគិតគូ និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ខេត្តលើគ្រប់វិស័យ ជាពិសេសដើម្បីរួមចំណែកជម្រុញការអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានអញ្ជើញតំណាងស្ថានទូតជប៉ុនចុះពិនិត្យស្ថានភាពអាគារសិក្សាចាស់ៗដែលជាអំណោយរបស់រាជរដ្ឋាភិបាលជប៉ុន ព្រមទាំងស្នើសុំរាជរដ្ឋាភិបាលជួយជួសជុលកែលម្អគុណភាពអាគារ និងសាងសង់អាគារថ្មីទៀតជូនដល់សាលាដែលមានការខ្វះខាតអាគារសម្រាប់សិស្សានុសិស្សរៀនសូត្រ។ អាគារសិក្សាទាំងនោះរួមមានសាលាបឋមសិក្សាព្រែកតាផរដែលស្ថិតនៅក្នុងឃុំគោកធ្លក ស្រុកអង្គរបុរី និងសាលាបឋមសិក្សាពន្លៃ ស្ថិតក្នុងឃុំពន្លៃ ស្រុកអង្គរបុរី។
បន្ទាប់ពីពិនិត្យអាគារទាំងនោះរួចមកឯកឧត្តមអភិបាលខេត្តក៏បានអញ្ជើញតំណាងស្ថានទូតជប៉ុនទស្សនារមណីដ្ឋានប្រាសាទភ្នំដា និងសារមន្ទីអង្គរបុរីដើម្បីស្វែងយល់ និងបានដឹងពីប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏យូរអង្វែងនៃព្រះរាជាណាចក្រកម្ពុជាយើង។