ព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ឯកឧត្តម គិន ណែត សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់សហគមន៍កសិកម្មរលួសមាស ស្ថិតក្នុងភូមិរលួស ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ ដើម្បីបូកសរុបការងាររបស់សហគមន៍ឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦។
ក្នុងឱកាសនោះតំណាងរបស់គណៈកម្មាធិការសហគមន៍បានធ្វើសេចក្តីរាយការណ៍ថាសហគមន៍បានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣ ក្រោមកិច្ចសហការគាំទ្រពីមន្ទីរកសិកម្មខេត្ត សហការជាមួយអង្គការទស្សនៈពិភពលោក។ រហូតមកដល់ពេលនេះសហគមន៍មានសមាជិកចំនួន ២០៤នាក់ ស្រី១៣៩នាក់ ដោយមានដើមទុនសរុបចំនួន ២១២ ៦០០ ០០០រៀល និងប្រតិបត្តិការលើមុខជំនួញចំនួន ០៦ប្រភេទ។ នៅក្នុងឆ្នាំ២០១៥ សហគមន៍បានទទួលប្រាក់ចំណេញចំនួន ៤៥ ៦៦៥ ៥០០ រៀលដោយបែងចែកដូចខាងក្រោមៈ
ទុកបម្រុង ២០% បណ្តុះបណ្តាល ២% មូលនិធិទ្រទ្រង់កុមារ ២% លើកទឹកចិត្តគណៈកម្មាធិការ ៥% និងប្រាក់ ភាគលាភសម្រាប់សមាជិក ៧១%។
ក្រោយពីបានស្តាប់របាយការណ៍រួចមកឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋពីសំណាក់ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងបានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំសហគមន៍ ដែលអាចដឹកនាំទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ដូចសព្វថ្ងៃ នេះ ព្រមទាំងបានជម្រុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅក្នុងឃុំក៏ដូចជាសមាជិកសហគមន៍ត្រូវចូលរួមគាំទ្រ និងប្រើប្រាស់សេវារបស់ សហគមន៍នេះព្រោះវាផ្តល់អត្ថប្រយោជន៍ច្រើនដល់បងប្អូនជាពិសេសវាអាចជួយឱ្យសហគមន៍ កាន់តែមានការរីកចម្រើន បន្ថែមទៀត។ បន្ថែមពីនោះឯកឧត្តមក៏បានចុះឈ្មោះចូលជាសមាជិកសហគមន៍ដែរដោយ ឯកឧត្តមនឹងដាក់ទុនដើម្បីទទួលបាន ១០០ហ៊ុន ស្មើនឹង ១០លានរៀល ហើយភាគលាភរបស់ឯកឧត្តម ដែលទទួលបាន នឹងយកតែ ៥០%តែប៉ុណ្ណោះ រីឯ៥០%ទៀតនឹងដាក់ចូលទៅក្នុងសហគមន៍។
ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើរបងប្អូនប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាផ្លូវថ្នល់ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារថ្នាក់ជាតិបានធ្វើជូនឱ្យបានល្អព្រោះផ្លូវទាំងអស់នេះគឺជារបស់បងប្អូនទាំងអស់គ្នា ហើយត្រូវគោរព ច្បាប់ចរាចរណ៍ឱ្យបានល្អជៀសវាងការគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ ក៏ដូចជាទទួលនូវការផាកពិន័យពីសំណាក់ សមត្ថកិច្ចអនុវត្តច្បាប់ផងដែរ ជាពិសេសឯកឧត្តមផ្តាំផ្ញើរប្រជាពលរដ្ឋត្រូវចុះឈ្មោះធ្វើអត្តសញ្ញាណប័ណ្ណឱ្យបានគ្រប់គ្នា ពីព្រោះអត្តសញ្ញាណប័ណ្ណមានសារៈសំខាន់ណាស់សម្រាប់យើងគ្រប់គ្នា។
ជាចុងក្រោយឯកឧត្តមអភិបាលខេត្តក៏បានចែកជូននូវក្រមារចំនួន ៤០០ដល់សមាជិក សមាជិការសហគមន៍ និងអ្នកចូល រួមក្នុងមហាសន្និបាតផងដែរ។