ព្រឹកថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម ម៉ុក ម៉ារ៉េត អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាសាមគ្គីដើម្បីប្រមូលបច្ច័យកសាងសាលារៀនមួយខ្នង មាន ៣ជាន់ ១៥បន្ទប់ នៅវត្ត ខ្សាច់ស ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ដោយមានការចូលរួមពីមន្ត្រីរាជការ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះឯកឧត្តមបានមានប្រសាសន៍ថា បុណ្យផ្ការស្មីសាមគ្គីនេះគឺពិតជាបានរួមចំណែកយ៉ាងធំធេងណាស់ចំពោះ ជាតិពីព្រោះបច្ច័យដែលប្រមូលបានទាំងអស់នឹងត្រូវយកទៅកសាងសាលារៀនដែលជាថ្នាលសម្រាប់បណ្តុះបណ្តាល ធនធានមនុស្សទៅថ្ងៃអនាគត ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលនីតិកាល ទី៥ ដែលបាននឹងកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ហើយវិស័យអប់រំកំពុងតែទទួលបានផ្លែផ្កាគួជាទីមោទនៈ។ ការសាងសង់សាលារៀននេះក៏នឹងជួយសម្រួលដល់កង្វល់របស់អាណាព្យាបាល ក៏ដូចជាប្អូនៗសិស្សានុសិស្សដែលត្រូវធ្វើដំណើរទៅសិក្សានៅសាលាឆ្ងាយពីផ្ទះផងដែរ។ ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើរប្អូនៗត្រូវខិតខំ យកចិត្តរៀនសូត្រឱ្យបានពូកែពីព្រោះប្អូនៗនេះហើយដែលជាអនាគត របស់ប្រទេសជាតិ នៅពេលដែលយើងមានធនធានមនុស្សខ្លាំងប្រទេសជាតិរបស់យើងក៏នឹងរីកចម្រើនទៅតាមនោះដែរ។ ដោយថ្ងៃនេះជាថ្ងៃទិវានៃក្តីស្រលាញ់ឯកឧត្តមបានណែនាំប្អូនៗសិស្សានុសិស្សត្រូវប្រើប្រាស់ថ្ងៃនេះដើម្បីបង្ហាញក្តីស្រលាញ់របស់ខ្លួនចំពោះក្រុមគ្រួសារ ឪពុកម្តាយ មិត្តភក្តិ ជៀសវាងការយល់ខុស ហើយប្រើប្រាស់ថ្ងៃនេះដើម្បីប្រព្រឹត្តខុសគន្លងប្រពៃណីរបស់ ជាតិយើង។
ជាចុងក្រោយឯកឧត្តមអ្នកតំណាងរាស្រ្ត ឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំសាលាស្រុកក៏បានចូលបច្ច័យមួយចំនួនក្នុងបុណ្យផ្កាសាមគ្គីនេះដោយឯកឧត្តមអ្នកតំណារាស្ត្រ ចូលបច្ច័យ ១លាន រៀល ឯកឧត្តមអភិបាលខេត្ត ២លានរៀល សាលាស្រុកសំរោង ២លានរៀល។