ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃតាំងពីឆ្នាំ១៩៨១ រវាងលោកវរសេនីយ៍ត្រី លី តារា មន្ត្រីកងរាជាអាវុធហត្ថខេត្ត និងប្រជាពលរដ្ឋ ០៤គ្រួសារ នៅភូមិចុងថ្នល់ សង្កាត់បារាណ៍ ក្រុងដូនកែវ ត្រូវបានបញ្ចប់ជាស្ថាពរនៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ក្រោមការសម្របសម្រួលប្រកបដោយភាពឆ្លាតវៃរបស់ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ក្រោមការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត។
និយាយទាំងអួលដើមករ និងស្រក់ទឹកភ្នែក ជាមួយនឹងអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំងនោះបងប្អូនប្រជាពលរដ្ឋបានថ្លែង អំណរគុណចំពោះលោកវរសេនីយ៍ត្រី លី តារា ដែលបាន ធ្វើសម្បទានដីទំហំប្រមាណ ៣៦០០ម២ ដល់ពួកគាត់ដើម្បីបញ្ចប់ទំនាស់ និងបានយល់ព្រមដកពាក្យបណ្តឺងចេញពីសាលាឧទ្ទរណ៍វិញ ជាពិសេសគឺថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមអភិបាលខេត្តដែលបានសម្របសម្រួលទំនាស់នេះរហូតដល់មានការព្រមព្រៀងបញ្ចប់ជាស្ថាពរ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើប្រជាពលរដ្ឋត្រូវចេះស្រលាញ់ រួបរួមសាមគ្គីគ្នា យកអាសារគ្នាទៅវិញទៅមកក្នុងនាមជាអ្នកភូមិផងរបងជាមួយ ជាពិសេសគឺរួមសាមគ្គីគ្នាក្នុងមហាគ្រួសារខ្មែរតែមួយ។
ក្រោយពីដោះស្រាយទំនាស់រួចមកឯកឧត្តមអភិបាលខេត្តក៏បានសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យមើលស្ថានភាពកំណាត់ផ្លូវពីចុងថ្នល់ទៅវត្តបារាណ៍ ដោយឯកឧត្តមមានប្រសាសន៍ថានឹងពិនិត្យលទ្ធភាព ដើម្បីលើកគម្រោងស្ថាបនាផ្លូវកៅស៊ូជូនបងប្អូនប្រជាពលរដ្ឋ ទៅក្នុងផែនការអភិវឌ្ឍន៍ខេត្តឆ្នាំ២០១៧។