ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធសមិទ្ធផលនានា និងកាត់ឫសសីមាព្រះវិហារវត្តដីក្រហម ស្ថិតក្នុងឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ អគ្គមេបញ្ជាការរងកងទ័ពជើង គោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
ក្នុងឱកាសនោះឯកឧត្តមគណអធិបតីបានមានប្រសាសន៍ផ្តាំផ្ញើរការសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិតចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបានលើកឡើងថា ថ្ងៃនេះយើងបានសម្ភោធដ៏ប្រណឹតនេះដែលកើតចេញពីការរួមចំណែករបស់បងប្អូន និងសប្បុរសជននានា ដែលនេះគឺជាភាពប៉ិនប្រសព្វ និងការជួយគ្នារបស់បងប្អូនយើង។
ឯកឧត្តមបានបន្តថាអត្ថន័យនៃការសម្ភោធសមិទ្ធផលនានានៅពេលនេះគឺសន្តិភាព និងការរីកចំរើន ពីព្រោះថាបើសិនជា មិនមានសន្តិភាពទេមកដល់ពេលនេះប្រជាពលរដ្ឋយើងច្បាស់ជាកំពុងតែរត់គេចពីគ្រាប់ផ្លោង គ្រាប់កាំភ្លើងធំ មិនអាចរួបរួមគ្នាកសាងសមិទ្ធផលនានាបានដូច្នេះទេ។ ទាំងអស់នេះគឺកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្រួបបង្រួម និងកសាងជាតិ។