រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយអង្ករដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ៣០០គ្រួសារ ក្នុងឃុំសន្លុង ស្រុកទ្រាំងខេត្តតាកែវ ដែលបានមកពីអំណោយសប្បុរសធម៌របស់លោកឧកញ៉ា សៀង សុភ័ក្រ ដោយមួយគ្រួសារទទួលបានអង្ករ ២៥គ.ក្រ និងថវិកាមួយចំនួន។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍លើកឡើងពីការផ្តាំសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានលើកឡើងពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល ចំពោះបងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្តថាការចែករំលែកពីអ្នកមានមកជូនដល់អ្នកក្របានបង្ហាញពីការចេះជួយគ្នាទៅវិញទៅមកពីសំណាក់ប្រជាពលរដ្ឋខ្មែរយើងដែលនេះជាវប្បធម៌មួយត្រូវបានប្រកាន់ខ្ជាប់តាំងពីយូរលង់ណាស់មកហើយ។ ដូច្នេះសូមបងប្អូនបន្តនៅវប្បធម៌ដ៏ល្អនេះទៅមុខទៀត ហើយត្រូវចេះស្រលាញ់ សាមគ្គីគ្នា យោកយល់គ្នា ជួយយកអាសារគ្នា មិនត្រូវរើសអើងគ្នាទោះបីកាន់និន្នាការនយោបាខុសគ្នាក៏ដោយ ដើម្បីសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍនៅក្នុងសង្គមជាតិរបស់យើង