“ការបោះបង្គោលព្រំដីរវាងគ្រួសារមួយ និងគ្រួសារមួយមិនមែនមានតែភាគីម្ខាងទៅចង្អុលព្រំដីហើយបោះបង្កោលនោះបានទេ ត្រូវមានការទទួលដឹងលឺទាំងសងខាងថា និងមានការទទួលខុសត្រូវពីអជ្ញាធរត្រឹមមត្រូវ ជាក់ស្តែងការបោះបង្គោលព្រំដែនរវាងប្រទេសនិងប្រទេសកាន់តែពិបាកជាងនេះទៅទៀត គឺមិនអាចធ្វើតាមតែការថា តាមការចង្អុលរបស់បុគ្គលណាម្នាក់នោះទេ” នេះគឺជាប្រសាសន៏របស់ឯកឧត្តម កៅ ឆែ សមាជិកក្រុមប្រឹក្សាខេត្តតាកែវ ដែលបានលើកយកមកបង្ហាញជូនដល់ លោក លោកស្រី ជាគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូឧទ្ទេស ប្អូនៗគរុសិស្សគ្រូបង្រៀនកម្រិតមូលដ្ឋានបង្រៀននៅអនុវិទ្យាល័យ និងគ្រូបង្រៀនកម្រិតបឋមសិក្សា ប្រមាណជាង២៨០នាក់ ព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៥ នៅសាលសហសិក្សានៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ។ ថ្លែងក្នុងពិធីនេះដែរឯកឧត្តមបានបន្ថែមទៀតថាការចាប់ខ្លួន ការឃាត់ខ្លួន ការឃុំ ការចោទប្រកាន់ទៅលើ ឯកឧត្តម ហុង សុខហួរ ជា ភារកិច្ច និងសិទ្ធិរបស់សមត្ថកិច្ច និងតុលាការ ដោយឯកឧត្តម ហុង សុខហួរ បានប្រព្រឹត្តខុសគឺបានបង្ហោះវីដេអូគ្លីបស្តីពីការក្លែងបន្លំសន្ធិសញ្ញារវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ចុះថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ១៩៧៩។