បន្ទាប់ពីបានជួបសំណេះសំណាលជាមួយបងប្អូននៅក្នុងពន្ធធនាគាររួចមក នៅវេលាម៉ោង ៩៖៣០នាទីព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានបន្តដំណើរអញ្ជើញជាអធិបតី និងជាសាក្សីក្នុងពិធីចុះហត្ថលេខាអនុសញ្ញារួមរវាងសហព័ន្ធសហជីពកម្មករកម្ពុជា សហព័ន្ធសហជីពឧស្សាហកម្មកម្ពុជា ជាមួយនឹងរោងចក្រប៊ីយូធីហ៊្វុលស្រ្ពីងហ្វ៊ូត អញ្ជើញទស្សនារោងចក្រ និង សួរសុខទុក្ខបងប្អូនកម្មករប្រមាណជាង ២០០០នាក់ដែលកំពុងមប្រើការងារក្នុងរោងចក្រនេះ ដែលស្ថិតក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ឯកឧត្តមបានថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាបតីតាជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានយកអស់កម្លាំងកាយចិត្ត ដើម្បីបម្រើប្រជាពលរដ្ឋរបស់សម្តេច ធ្វើឲ្យប្រទេសយើងមានការរីកចម្រើនលើគ្រប់វិស័យ បានកាត់បន្ថយភាពក្រីក្រ និងបានទាក់ទាញវិនិយោគិនគ្រប់ប្រទេសមកបណ្តាក់ទុនរកស៊ីក្នុងព្រះរាជាណាចក្រកម្ពុជាយើង ។
ឯកឧត្តមបានផ្តាំផ្ញើសូមថៅកែ និងបងប្អូនកម្មករចេះសហការគ្នា ដើម្បីរោងចក្រដំណើរការបាន ហើយបងប្អូនអាចទទួលប្រាក់កម្រៃក្នុងការចិញ្ចឹមជីវិត។ គូសបញ្ជាក់ដែរថារោងចក្រនេះនឹងអាចត្រូវការកម្លាំងបងប្អូនពលករប្រមាណជាង ៧០០០នាក់បន្ថែមទៀត នៅពេលដែលរោងចក្រសាងសង់អគាររួចរាល់។