“មានតែរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតែមួយគត់ ដែលអាចរក្សាសន្តិភាព បន្តការអភិវឌ្ឍន៏ប្រទេសជាតិ ដឹកនាំប្រទេសមានការរីកចម្រើនលើគ្រប់វិស័យធ្វើប្រទេសមានមុខ មានមាត់ពេញលេញលើឆាកអន្តរជាតិ នៅរួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់មិនដែលរត់ចោលបងប្អូនម្តងណាទេ តែងតែធ្វើអ្វីៗទាំងអស់ដើម្បីជាតិ ដើម្បីបងប្អូនប្រជាពលរដ្ឋ ហើយបើសម្តេច របបពល ពត ខ្មែរក្រហម បានត្រឡប់មកវិញយូរហើយ” នេះគឺជាប្រសាសន៏របស់ឯកឧត្តម កៅ ឆែ ក្នុងពិធីសំណេះសំណាលជាមួយ លោក លោកស្រី ក្រុមប្រឹក្សាឃុំទាំង៦ ស្រុកអង្គរបូរី ខេត្តតាកែវ នាព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៦ រួមអញ្ជើញអមដំណើរដោយ លោក ស៊ីវ សុខន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ លោក ហ៊ុន យ៉ុង ប្រធានក្រុមប្រឹក្សាស្រុក លោក ឌឹម គឺមសាន អភិបាលស្រុក លោក ឃុន បូរ ព្រមទាំងលោក លោកស្រីជាច្រើននាក់ទៀត។បន្ថែមពីនេះទៀតឯកឧត្តម បានរំលឹកពីសម័យក្រោយរបប ពល ពត គឺប្រទេសកម្ពុជាយើងបានតស៊ូដឹកនាំប្រទេសដោយដៃម្ខាងទប់កុំឲ្យរបបប្រល័យពូជសាសន៏ ពល ពត វិលត្រឡប់វិញ និងដៃម្ខាងទៀតតស៊ូប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លានរបស់បងប្អូនប្រជាពលរដ្ឋ។
រហូតមកដល់សព្វថ្ងៃប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ មានក្រុមមួយចំនួនគេមកអួតថាគេជាអ្នកស្នេហាជាតិ ស្នេហាប្រជាជន ចុះកាលពីសម័យសង្គ្រាមម្តេចមិនឃើញក្រុមហ្នឹងចេញមុខមកអួតថា ស្នេហាជាតិ ស្នេហាប្រជាជនផង?។ ឯកឧត្តម បានណែនាំដល់ លោក លោកស្រីដែលជាថ្នាក់ដឹកនាំភូមិ ឃុំទាំងអស់ ត្រូវតាមដានពិនិត្យសភាពការជាក់ស្តែង ចៀសវាង កុំឲ្យមានជនឆ្លៀតឪកាសមួយចំនួនមកបោកប្រាស់បងប្អូនប្រជាពលរដ្ឋតាមរូបភាពផ្សេងៗ។ ឯកឧត្តមបានឧបត្ថម្ភជាថវិកាចំនួន ៥០០,០០០រៀល និងលោក ស៊ីវ សុខន បានឧបត្ថម្ភជាថវិកាចំនួន ៥០០,០០០រៀល។