រសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីជូនដំណើរកងទ័ព ៣០នាក់ នៃតំបន់ប្រតិបត្តិការសឹករងតាកែវដែលត្រូវប្តូរវេនទៅប្រចាំការនៅតាមបណ្តោយព្រំដែនកម្ពុជាថៃនាខេត្តកោះកុង ដែលរៀបចំឡើងនៅតំបន់ប្រតិបត្តិការសឹករងតាកែវ។
ក្រោយពីបានស្តាប់របាយការណ៍របស់លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងរួចមកឯកឧត្តមអភិបាលខេត្តក៏បានមានមតិកោតសរសើរដល់វីរកងទ័ពទាំងអស់ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ដើម្បីរក្សាសុខសន្តិភាព ការពារបូរណភាពទឹកដី និងការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបានផ្តាំផ្ញើរបងប្អូនត្រូវថែរក្សាសុខភាពឱ្យបានល្អ មានសាមគ្គីភាព និងគោរពវិន័យឱ្យបានម៉ឺងម៉ាត់ ជាពិសេសនាំមកនូវកិត្តិយសជូនខេត្តតាកែវនៅពេលដែលបងប្អូនចេញទៅបំពេញបេសសកម្ម។
ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តក៏បាននាំមកនូវថវិកាចំនួន ១៥០០ដុល្លារ និងមីយើងចំនួន ៣០កេសតូចជូនដល់បងប្អូន ក្នុងនោះ ៥០០ដុល្លារសម្រាប់ទិញសម្ភារប្រើប្រាស់និងគ្រឿងឧបភោគដូចជាទឹកត្រី ទឹកស៊ីអីវ ត្រីខកំប៉ុង…។ល។ រីឯថវិកា ១០០០ដុល្លារទៀតគឺដើម្បីផ្តល់ជូនបងប្អូនកងទ័ពដែលត្រូវបំពេញបេសកកម្មដើម្បីដោះស្រាយជីវភាពផ្ទាល់ខ្លួន។
ក្រោយពីបានស្តាប់នូវប្រសាសន៍ផ្តាំផ្ញើរ និងទទួលនូវអំណោយពីឯកឧត្តមអភិបាលខេត្តរួចមក បងប្អូនវីរកងទ័ពទាំងអស់បានសំដែងនូវក្តីរំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលខេត្តដែលតែងតែយកចិត្តទុក្ខដាក់ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ពេលវេលាទាំងអស់ ជាពិសេសឯកឧត្តមតែងតែជួយដោះស្រាយនូវបញ្ហាខ្វះខាតខាងជីវភាព ក៏ដូចជាយកចិត្តទុក្ខដាក់ជួយឧបត្ថម្ភគាំទ្រក្នុងការព្យាបាលជំងឺដល់កងកម្លាំង និងគ្រួសារកងកម្លាំងទាំងអស់ទៅតាមលទ្ធភាពរបស់ឯកឧត្តម។