ដូចដែលបានមានប្រសាសន៍កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវថាឯកឧត្តមនឹងខិតខំរកពេលវេលាដើម្បីចុះសួរសុខទុក្ខកងកម្លាំប្រដាប់អាវុធទាំងបីប្រភេទដែលមានមូលដ្ឋាននៅខេត្តតាកែវ ទើបនៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានអញ្ជើញចុះសួរសុខ ទុក្ខមន្ត្រីកងរាជអាវុធហត្ថ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ។
ក្នុងឱកាសនេះឯកត្តមក៏បានសំណេះសំណាលជាមួយកងរាជអាវុធហត្ថទាំងអស់ និងបានកើតសរសើរចំពោះស្នាដៃរបស់កងរាជអាវុធហត្ថ ខេត្តតាកែវ ក្នុងការការពារ និងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូន ប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវទាំងមូលដែលធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅចំពោះសន្តិសុខនៅក្នុងខេត្តតាកែវយើង។ ដោយឡែកនាឱកាស នោះផងដែរឯកឧត្តមអភិបាលខេត្តក៏បាននាំយកអំណោយជាអង្ករចំនួន ៤តោនជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថ និងមានប្រសាសន៍ថា ឯកឧត្តមនឹងខិតខំជួយជួសជុលស្នាក់ការកងរាជអាវុធហត្ថក្រុងដូនកែវដែលមានសភាពចាស់ទ្រុតទ្រោមផងដែរ។