ពិធីចែកអំណោយជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនក្នុងស្រុកបាទី


ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ នឹងធ្វើសំណើសុំដីសម្បទានសង្គមកិច្ចរបស់រដ្ឋជូនដល់គ្រួសារអតីតយុទ្ធជនទាំង ៥ពាន់គ្រួសារនៅក្នុងខេត្តតាកែវ ថ្លែងក្នុងពិធីចែកអំណោយជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចំនួន ៣២០នាក់ នៅបរិវេណវត្តអង្គខ្សឹង ឃុំចំបក់   ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នេះ ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថាលោកនឹងធ្វើសំណើសុំដីសម្បទានសង្គមកិច្ចរបស់រដ្ឋជូនដល់គ្រួសារអតីតយុទ្ធជនទាំង ៥ពាន់គ្រួសារនៅក្នុងខេត្តតាកែវ។
ឯកឧត្តមក៏បានរំលឹកឡើងវិញពីវីរភាព ដ៏អង់អាចក្លាហានរបស់បងប្អូនអតីតយុទ្ធក្នុងការបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ និងថែរក្សា ការពារ សន្តិភាព ស្ថេរភាពសង្គមរហូតដល់សព្វថ្ងៃ។
ឯកឧត្តមបន្តថា គណបក្សនយោបាយមួយចំនួនបានលើកតម្កើនបុគ្គលដែលចេះលាបព័ណ៌ ជេប្រមាណមើលងាយ បណ្តុះបង្អាប់ជាតិខ្លួនឯង ឬក៏អ្នកវិភាគមួយចំនួនថាជាវីរជន ទាំងពួកគេទាំងនោះមិនបានបូជាអ្វីសោះដើម្បីជាតិ។ ប៉ុន្តែសម្រាប់ឯកឧត្តមវីរជនពិតប្រាកដគឺបងប្អូនអតីតយុទ្ធនេះហើយ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលរំដោះជាតិ នាំមកនូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍរហូតដល់ពេលនេះ។ ការអភិវឌ្ឍនាពេលនេះគឺមិនមែនកើតឡើងដោយចៃដន្យទេ តែជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានខិតខំគៀងគរអ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេសដើម្បីធ្វើការវិនិយោគនៅប្រទេសកម្ពុជា និងបានបង្កើតការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋកម្ពុជា។
ជាចុងក្រោយឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ត្រូវថែរក្សាសុខភាពឱ្យបានល្អ ហើយកុំជឿលើការញុះញង់របស់ជនមួយចំនួនដែលនាំ ឱ្យបែកបាក់សាមគ្គីជាតិ ជាពិសេសណែនាំដល់បងប្អូន និងក្រុមគ្រួសារកុំចូលរួមក្នុងបាតុកម្មការពារកំហុសរបស់ជនមួយចំនួន ដែលនាំឱ្យបង្កចលាចលដល់សង្គម និងខាតពេលវេលាក្នុងការប្រកបរបរចិញ្ចឹមជីវិត។
អំណោយដែលចែកជូននាពេលនោះរួមមាន អង្ករ ០១បាវ មី ០១កេស ត្រីខកំប៉ុង ០១យួរ និងថវិកា ៤០,០០០រៀល។
photo_2016-09-15_13-08-54 photo_2016-09-15_13-08-16 photo_2016-09-15_13-08-48 photo_2016-09-15_13-08-58