ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ លោកស្រី កាំង គីម អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលជលផល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីការរីកចម្រើននៃការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍នេសាទ និងលើកទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពីតំណាងសហគមន៍នេសាទមកពីខេត្តតាកែវ កណ្តាល និងព្រៃវែងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍រវាងសហគមន៍នៃខេត្តនីមួយៗជាពិសេសខេត្តជាប់ព្រំដែនវៀតណាម ស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយដើម្បីយកទៅកែលំអបន្ថែម ជម្រុញផ្តល់ផលប្រយោជន៍ និងភាពងាយស្រួលដល់សហគមន៍នេសាទក្នុងការគ្រប់គ្រងដែលសហគមន៍របស់ខ្លួននីមួយៗ។ ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ដើម្បីការពារធនធានជលផលរបស់យើងឱ្យបានល្អ ការពារផលនេសាទជូនប្រជាពលរដ្ឋនៅក្នុងដែនសហគមន៍ យើងត្រូវមានសហគមន៍មួយដែលមានសមត្ថភាពគ្រប់គ្រាន់ ដូច្នេះយើងត្រូវរួបរួមគ្នាធ្វើយ៉ាងណាពង្រឹងសហគមន៍នេសាទយើងឱ្យបានខ្លាំង ហើយឯកឧត្តមនឹងចុះផ្ទាល់ទៅតាមសហគមន៍នីមួយៗទាំង១៨នៅក្នុងខេត្តតាកែវដើម្បីស្តាប់ពីតម្រូវការ និងផលលំបាកនានារបស់សហគមន៍។