ពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកកោះអណ្តែត

SMT0013 | ១៨/០៨/២០១៦ ១៨:១៨





ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវប្រាប់អភិបាលស្រុកកោះអណ្តែត ត្រូវចុះផ្ទាល់ជាមួយប្រជាពលរដ្ឋ ក្តាប់ឱ្យបាននូវបញ្ហាក្នុងមូលដ្ឋាន ហើយត្រូវសហការឱ្យបានជិតស្និទជាមួយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកោះអណ្តែត ដោះស្រាយបញ្ហាទាំងនោះឱ្យបានឆាប់រហ័សបំផុតតាមអភិក្រមទាំង៣គឺ ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព។
ថ្លែងបែបនេះនៅពេលដែលឯកឧត្តម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកកោះអណ្តែត នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ តាមអនុក្រិតរបស់រាជរដ្ឋាភិបាល លេខ៨៥៥ អនក្រ.តត ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ សម្រេចតែងតាំងលោក មាស អ៊ុយ អតីតនាយកទីចាត់ការផែនការ និងវិនិយោគខេត្ត ជាអភិបាលស្រុកកោះអណ្តែត ជំនួសលោក នាង ស៊ន ដែលត្រូវចូលនិវត្តន៍។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានដាក់បទបញ្ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវខិតខំទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនានាដែលកើតក្នុងមូលដ្ឋានស្រុកកោះអណ្តែតនេះឱ្យបាន ជាពិសេសត្រូវបិទចរាចរផ្លូវទឹកពីវៀតណាមចូលមកកម្ពុជាតាមច្រកស្រុកកោះអណ្តែតនេះត្រឹមវេលាម៉ោង ៦:០០នាទីល្ងាចដោយគ្មានការលើកលែង ដើម្បីទប់ស្កាត់ការលួចចូលមកនេសាទខុសច្បាប់ពីសំណាក់ប្រជាពលរដ្ឋវៀតណាម។
ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើដល់លោកអភិបាលស្រុកថ្មី ក៏ដូចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវ យកចិត្តទុកដាក់ អនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពបំផុត ហើយត្រូវចាត់ទុកបញ្ហាល្បែងស៊ីសង និងគ្រឿងញៀនជាបញ្ហាអទិភាពដែលត្រូវបង្ក្រាប និងទប់ស្កាត់ឱ្យបាន និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអនុសាសន៍ទាំង ១១ចំនុច របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តាំផ្ញើក្នុងឱកាសដែលសម្តេចចុះសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធកាលពីថ្ងៃទី១៦ ខែសីហា ឆ្នា២០១៦កន្លងមកថ្មីៗនេះ។

14068395_607302579441232_4739130040338218387_o14066441_607302476107909_3207961648730463149_o14066337_607302446107912_1060350882164436033_o      14086426_607302386107918_2129549315416481136_o14053772_607302272774596_5950381824626893271_o